ប្រជាជនរស់នៅពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការកើនឡើងឥតឈប់ឈរក្នុងទីក្រុង ដោយសារការធ្វើចំនាកស្រុក និងស្វែងរកជីភាពរស់នៅសមរម្យសំរាប់ជីវិត ស្ថានភាពនេះបានធ្វើអោយទីក្រុងកាន់តែតូចចង្អៀត ដោយសារតែប្រជាជនមកតាំងទីលំនៅកាន់តែច្រើន តែទំហំទីក្រុងនៅដ៏ដែល ដូច្នេះហើយដើម្បីបំពេញតំរូវការរស់នៅក្នុងទីក្រុង រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រីក និងអភិវឌ្ឍន៍ក្រុងអោយមានបរិស្ថានរស់នៅសមស្រប និងល្អប្រសើរជាងមុន។
ការអភិវឌ្ឍទីក្រុងក៏កាន់តែមានការរីកចំរើនទៅៗ ប៉ុន្តែការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍ទាំងនោះ កាន់តែមានស្ថានភាពពិបាកឡើងៗ ក្នុងការរស់នៅក៏ដូចជាការប្រកបរបរចញ្ចឹមជីវិត។ ជាក់ស្តែង ប្រជាជននៅក្នុងសហគមន៍ព្រែកតាគង់១ ក្នុងចំណោមសហគមន៍អភិវឌ្ឍន៍ជាច្រើនក្នុងរាជធានីភ្នំពេញ បានត្អូញត្អែថា តាំងពីមុនឆ្នាំ ១៩៩៣ គាត់រស់នៅលើបឹងនេះគឺមានភាពងាយស្រួលក្នុងការចិញ្ចឹមជីវិត ព្រោះថាបឹងនេះសំបូរដោយ ដោយត្រី និងជីវៈចំរុះ ដែលអាចស្វែងរកបានដោយងាយស្រួលធ្វើជាអាហារ និងជាពិសេសការ ការប្រកបរបរ ចិញ្ចឹមជីវិតដោយការដាំត្រកួន និងកញ្ឆែត លើទឹក។
មុខរបរនេះ ជារបរដ៏សំខាន់សំរាប់ពួកគាត់ ប៉ុន្តែបច្ចុប្បន្ននេះ បឹងទាំងនេះត្រូវបានរាជរដ្ឋាភិបាលលក់មួយចំនែកធំ អោយក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍ ដែលធ្វើអោយអ្នករស់នៅតំបន់នេះបានបាត់បង់ប្រាក់ចំនូលជាច្រើនពីក្នុងបឹង។ បន្ថែមពីលើនេះការរស់នៅរបស់អ្នកសហគមន៍ក៏កំពុងប្រឈមបញ្ហាជា ច្រើនដោយសារតែ បឹងនេះត្រូវបានក្រុមហ៊ុនឯកជន ធ្វើការអភិឌ្ឍន៍ដោយបូមខ្សាច់ពន្លេចបឹងដើម្បីយកដី ដែលពន្លេចទាំងរបរចិញ្ចឹមជីវិតរបស់គាត់ ម្យ៉ាងវិញទៀតនៅសហគមន៍នេះ មិនទាន់មាន ប្រព័ន្ធលូទឹក ទឹកស្អាត និងរបៀបគ្រប់គ្រងសំរាម នៅឡើយទេ ហើយក៏មិនទាន់មានប្រព័ន្ធអគ្គិសនីត្រឹមត្រូវដែរ ដែលធ្វើអោយអ្នករស់នៅទីនោះងាយទទួលរងគ្រោះថ្នាក់បំផុត ពិសេសស្ត្រី និងកុមារ នូវជំងឺឆ្លងផ្សេងៗ និងគ្រោះធម្មជាតិ។
ក្នុងសហគមន៍នេះមានប្រជាជនប្រហែល៨២ គ្រួសារត្រូវបានរងគ្រោះ និងការប្រឈម ជាខ្លាំងទាំងផ្នែកជីវភាព សុខភាព និងអនក្ខរកម្ម ដោយស្ថានភាពរស់កាន់តែពិបាក ក្នុងការស្វែងរកប្រាក់ចំនូលចិញ្ចឹមជីវិត ដែលធ្វើអោយគ្រួសារមួយចំនួនបានអោយកូនឈប់រៀន។ នៅពេលយុវជនទាំងនោះមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវបានបង្ខំចិត្តបោះបង់ការសិក្សា ដើម្បីស្វែងរកមុខរបរចិញ្ចឹមគ្រួសារ ដូចជាទៅស៊ីឈ្នួលកាត់ត្រកួន កញ្ឆែត ឬជួលរងដាំត្រកួន កញ្ឆែត និងធ្វើសំណង់ ឬធ្វើការងាររោងចក្រជាដើម។
ក្នុងនេះផងដែរប្រជាជនទាំងនោះ បានត្អូញត្អែពីបញ្ហារស់នៅមិនខុសពីគ្នាថា ការរស់នៅឥឡូវពិបាកណាស់មិនដូចពីមុនទេ ហើយប្រាក់ចំនូលក៏រកបានតិច រងដាំត្រកួន កញ្ឆែតសុទ្ធតែជួលគេ តែទឹក ភ្លើង និងទំនិញវិញមានតំលៃថ្លៃ។ មើលទៅការរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍កាន់តែមានភាពលំបាក ទោះបីសហគមន៍ទាំងនោះមានការអភិវឌ្ឍខ្លាំងក៏ដោយ ហើយបញ្ហាទាំងនេះរដ្ឋាភិបាលហាក់ដូចជា មើលរំលង និងមិនសូវយកចិត្តទុកដាក់ដោះស្រាយ។